ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍ជាង២៣ម៉ឺននាក់គ្រាន់តែរយៈពេល៣ថ្ងៃនៅក្នុងពិធីបុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ និងតាំងពិព៍រណ៍ភូមិ១ផលិតផល១ ក្នុងឆ្នាំ២០២២ចាប់ពីថ្ងៃទី០៧ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើតាមការឲ្យដឹងពីលោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូក អកអំបុក លយប្រទីប និងបាញ់កាំជ្រួច រយៈពេល៣ថ្ងៃនៅរមណីយដ្ឋានហ្លួងព្រះស្តេចកនហើយក៏មានការប្រគុំតន្រ្តីខ្នាតធំផងដែរ។ ក្នុងនោះមានភ្ញៀវមកកម្សាន្តសរុបប្រមាណ២៣៣.៩៨៦នាក់ ដែលចំនួននេះមានការកើនឡើងបើប្រៀបធៀបឆ្នាំមុន។
បើតាមលោក អឿន រិទ្ធិ នៅក្នុងឱកាសនោះ មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសវិធានការ ៣ការពារ៣កុំ ផ្សព្វផ្សាយដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ និងបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យដោយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូបសម្រាប់ជូនភ្ញៀវនិងត្រូវចងបដាផ្សព្វផ្សាយ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” នៅតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។ ជាមួយគ្នានោះ ក៏បានណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានចេះវេចខ្ចប់ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕