ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចែករំលែកចំណុចសំខាន់ៗចំនួន៤ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិកនិង CLMV ។ នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំអេកម៉ិកនិង CLMV របស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា តួនាទីនៃវិស័យទេសចរណ៍ត្រូវបានមើលឃើញកាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចែករំលែកនូវការគិតគូរមួយចំនួនដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍រួមមាន៖
ទី១៖ អេកម៉ិកនិង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗទៅវិញទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ ក្នុងន័យនេះប្រទេសសមាជិកគួរបង្កើនកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ជនបទដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង និងកសិទេសចរណ៍ជាដើម។
ទី២៖ ក្នុងបរិបទឌីជីថលូបនីយកម្មប្រទេសអេកម៉ិកនិង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញទៅមកលើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសច់រណ៍ការអភិវឌ្ឍជំនាញឌីជីថលក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
ទី៣៖ អេកម៉ិកនិង CLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-IntraTraveler) និងលំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរផងដែរលើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀតព្រមទាំងជំរុញទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)។
និងទី៤៖ ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិកនិង CLMV ដែលបានដាក់ចុះសម្តេចតេជោ ហ៊ុន សែន សូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិកនិង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕