ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃគ្រោងស្នើក្រសួងយុត្តិធម៌ ឱ្យពិនិត្យវិសោធនកម្មច្បាប់គ្រឿងញៀនដោយដាក់បញ្ជូលទាំងស្ថាប័នរដ្ឋ និងឯកជនត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលធ្វើការ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា គម្រោងនេះគឺជាវិធានការរារាំងយ៉ាងសំខាន់សម្រាប់ចូលរួមទប់ស្កាត់ករណីគ្រឿងញៀន។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងទៀតថា វិធានការទាំងនេះនឹងមាននៅក្នុងវិសោធនកម្មច្បាប់គ្រឿងញៀន ដែលរៀបចំឡើងនាពេលខាងមុខ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគួសបញ្ជាក់ថា ការត្រៀមដាក់ចេញវិធានការទាំងនេះដើម្បីទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ឋិភាពលើបញ្ហាគ្រឿងញៀន និងបញ្ហាក្នុងសង្គម។
សូមរំលឹកថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕