ភ្នំពេញ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែតុលា កន្លងទៅខេត្តស្វាយរៀងទទួលបានអ្នកទៅលេងកម្សាន្តស្ថិតនៅលើកំពូលតារាងខណៈខេត្តកណ្ដាល និងខេត្តព្រះសីហនុស្ថិតក្នុងលំដាប់បន្តបន្ទាប់គ្នា។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃ ក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប១,០៧៣,៣៨៩នាក់ក្នុងនោះភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន៣២,៤១៥នាក់។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ខេត្តស្វាយរៀង៤៤៥,៨៩៤នាក់, ខេត្តកណ្តាល២០៦,៤០៥នាក់, ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់, ខេត្តក្រចេះ៦០,២១០នាក់, ខេត្តសៀមរាប៣៤,៤៨៦នាក់, ខេត្តកំពត២៥,២១៦នាក់, ខេត្តពោធិ៍សាត់១៣៧,៧៣៧នាក់, រាជធានីភ្នំពេញ ២២,៧២៣នាក់, ខេត្តកែប១៦,៥៦៦នាក់ និងខេត្តបន្ទាយមានជ័យចំនួន១៥,៤២៧នាក់។ យ៉ាងណាក៏ដោយក្រសួងបានបញ្ជាក់ថា ចំនួននេះមានការកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមកខណៈរដ្ឋបាលខេត្តកណ្តាល និងខេត្តស្វាយរៀងមានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត៕