ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ខណៈតាមដងវិថីមួយចំនួននឹងត្រូវបិទចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់គណៈប្រតិភូ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ដោយស្នើសុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញព្រោះសមត្ថកិច្ចសមត្ថកិច្ច នឹងត្រូវរៀបចំសម្រួលចរាចរណ៍ជូនមេដឹកនាំប្រទេសនានាដែលត្រូវចូលរួមកិច្ចប្រជុំ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ផ្លូវមួយចំនួននឹងត្រូវបិទបណ្ដោះអាសន្ននៅពេលមានភ្ញៀវបរទេសឆ្លងកាត់ ដើម្បីសម្រួលការធ្វើដំណើរប៉ុន្តែមិនមែនបិទទាំងស្រុងទេ។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះនឹងមានគណៈប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំប្រមាណ២៨គណៈប្រតិភូផងដែរ៕