ភ្នំពេញ៖ បណ្ដាខេត្តមួយចំនួននៅតំបន់ខ្ពង់រាប នឹងចាប់ផ្ដើមចុះត្រជាក់ពី១៧-១៨អង្សារសេខណៈក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹកនៅតាមបណ្តាខេត្តមួយចំនួនរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមាជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ អង្សារសេ ។
ក្រសួងបានឱ្យដឹងបន្តថា នៅតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សារសេ ហើយសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សារសេ និងមិនមានភ្លៀងធ្លាក់ទេតែបើមានក៏តិចតួចតែប៉ុណ្ណោះ។ ជាមួយគ្នានេះនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សារសេ ហើយសីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សារសេ និងមិនមានភ្លៀងធ្លាក់ទេបើមានក៏តិចតួចដែរ៕