ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្រាវជ្រាវនិងហៅមកធ្វើការផាកពិន័យដកពិន្ទុអប់រំណែនាំ និងចុះកិច្ចសន្យាក្រោយពេលបើកបររថយន្តរេចុះរេឡើងលើផ្លូវល្បឿនលឿនបង្កការរំខានដល់អ្នកដទៃ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចនៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចបានកោះហៅម្ចាស់រថយន្តម៉ាក Toyota Prius មកធ្វើការផាកពិន័យដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។
ក្រសួងបានបញ្ជាក់ឱ្យដឹងបន្តថា បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំនិងច្បាប់ចរាចរណ៍ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន០៤ពិន្ទុ លើ០២ករណីរួមមាន៖
១. បើកបរប្តូរគន្លងទៅមករេចុះរេឡើងពេញផ្លូវ
២. បណ្ណបើកបរផុតសុពលភាព។
ជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានក្រើនរម្លឹកជាថ្មីម្តងទៀតចំពោះអ្នកបើកបរយានយន្តគ្រប់រូបត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរឱ្យបានម៉ឺងម៉ាត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕