ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងធ្វើឡើងនៅរាជធានីភ្នំពេញនាកំឡុង ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំដ៏សំខាន់នេះក៏នឹងមានវត្តមានលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
នៅក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ ចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ នៅខេត្តព្រៃវែង នាថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះនឹងមានគណៈប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំប្រមាណ២៨គណៈប្រតិភូផងដែរ៕