ភ្នំពេញ៖ ជនសង្ស័យចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២១ករណីទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៩នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ករណីជួញដូរ ចំនួន១៥ករណី ឃាត់ខ្លួន ៣៩នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ខ្លួន ៣នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់ខ្លួន ៧នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់ ១៥៧៨៧៣,៥៨ និង៩កញ្ចប់តូច ,កេតាមីន (Ke) ទម្ងន់ ៨,១៥ក្រាម និងហេរ៉ូអ៊ីន (Heroine) ទម្ងន់ ១៤១៤,០ក្រាម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕
អត្ថបទ៖លាង ឡា