ភ្នំពេញ៖ កិច្ចសន្ទនាតាមទូរសព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមប្រធានអាស៊ាន ជាមួយលោក Volodymyr Zelenskiy ប្រធានាធិបតី អ៊ុយក្រែន គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កាលបរិច្ឆេទជួបប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរសព្ទ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងដែរថា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ នឹងអញ្ជើញមកម្ពុជា ផងដែរ ដើម្បីចុះហត្ថលេខាមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះ នឹងមានគណៈប្រតិភូបរទេស មកចូលរួមកិច្ចប្រជុំប្រមាណ២៨គណៈប្រតិភូ ផងដែរ៕
អត្ថបទ៖លាង ឡា