ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មិនបាច់ធ្វើការប្រឡងទេ ប៉ុន្តែចាំបាច់ត្រូវធ្វើសម្ភាស និងឆ្លងកាត់នីតិវិធីត្រឹមត្រូវ។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសមានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ក្រសួងបានណែនាំហើយថាការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មិនបាច់ប្រឡងទេប៉ុន្តែគឺសម្ភាស ហើយអ្នកទទួលបន្ទុកសម្ភាសគឺមេឃុំ/សង្កាត់ និងមេប៉ុស្តិ៍ ដែលអនុវត្តតាមសំណួររបស់នាយកដ្ឋានបុគ្គលិក ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌រួចគឺត្រូវឆ្លងកាត់ការពិនិត្យសុខភាពពិសេសពិនិត្យទឹកនោមរកសារធាតុញៀន៕