ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន៥ចំណុចទៀត ដើម្បីជំរុញការបង្កើតឱ្យបានចេញជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី "ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប" លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសគាំទ្រ និងសម្របសម្រួល លើការអនុវត្តគម្រោងសកម្មភាពនានា។
លោក ថោង ខុន បានមានប្រសាសន៍លើកឡើងថា បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ១១៦គីឡូម៉ែត្រ ទទឹងប្រមាណពី៣ទៅ៣៣គីឡូម៉ែត្រ និងមានឆ្នេរប្រវែងប្រមាណ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំងខណៈបឹងនេះគឺជាបេះដូងនៃប្រទេសកម្ពុជាដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមទៀតថា បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែប ដែលកត្តាសត្យានុម័តទាំងនេះបានបង្កើតជាកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិក៏ដូចជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព និងបរិយាប័ន្ន៕