អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម (ANGKOR WILDLIFE & AQUARIUM) ដែលជាអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រុមហ៊ុនមួយនឹងបើកដំណើរការនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដែលគម្រោងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ (ដំណាក់កាលទី១) នៅក្នុងខែតុលា ឆ្នាំ២០២២។
អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាបនិងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ អាងនេះមានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ ជាដើម។
បើតាមក្រុមហ៊ុនគម្រោងនេះរៀបចំឡើងដើម្បីអភិរក្សអប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកទស្សនាប្រាសាទ អង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់ នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមកជាមួយនឹងអង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។ សួនឧទ្យាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរួមមាន៖
ទី១, បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប, បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប។
ទី២, ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ។
ទី៣, ចូលរួមចំណែកក្នុងវិស័យអប់រំផ្តោតលើបរិស្ថាន និងការអភិរក្ស។
ទី៤, អភិរក្សសត្វដែលរងការទន្ទ្រានប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ។
ទី៥, ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគមព្រមទាំងអ្នកបើកបរតាក់ស៊ី។
ទី៦, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម។
ទី៧, ផ្ដល់ការងារ និងចំណូលដល់សហគមន៍ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។
អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀត ដើម្បីជាចំណេះដឹង និងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។ ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យានក៏មានសកម្មភាពជាច្រើនទៀតដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិចតា។ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀមមានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕