ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសចំពោះបុគ្គលណាដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានបដិសេធចំពោះការចោទប្រកាន់នានាអំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។
ជាមួយគ្នានេះគណបក្សភ្លើងទៀនបានបញ្ចាក់នូវជំហររបស់ខ្លួនជាសាធារណៈដោយគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងគោរពអនុវត្តនូវរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្ស នយោបាយ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ សេចក្តីថ្លែងការណ៍ដដែលបានអះអាងថា គណបក្សភ្លើងទៀនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានាដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួនស្របតាមលក្ខន្តិកៈគណបក្សដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ហាដោយផ្ទាល់... ឬប្រយោលពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
គួរកត់សម្គាល់ថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានកើតឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការនិយាយប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ៕