សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុន ឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT) នឹងធ្វើឡើងនៅខេត្តព្រះសីហនុនាពេលខាងមុខ ដើម្បីជួយជំរុញក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមមួយកម្រិតទៀត ។ ការប្រកាសឲ្យដឹងពីគម្រោងខាងលើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋបាលខេត្តជាមួយតំណាងក្រុមហ៊ុនកាលពីថ្មីៗនេះ។
ក្នុងនោះមានកីឡាដូចជា ប្រាសាចទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្តែតលើទឹក ទោងជិះកម្សាន្ត និងទូកក្តោងជាដើម។ ហើយក្រុមហ៊ុនក៏មានបុគ្គលិកសម្អាតឆ្នេរជាប្រចាំ និងមានឆ្មាំសម្រាប់ជួយសង្គ្រោះផងដែរ។ បើតាមតំណាងក្រុមហ៊ុនគម្រោងនេះគ្រោងរៀបចំនៅលើសមុទ្រស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទល់មុខនឹងអគាររបស់ក្រុមហ៊ុន មានទំហំទទឹង១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរប្រមាណ២០ម៉ែត្រ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា រដ្ឋបាលខេត្តគាំទ្រចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុននេះ ។ ពីព្រោះគម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ នឹងជួយទាក់ទាញទេសចរចូលមកកំសាន្តនៅខេត្តកាន់តែច្រើនឡើង។ ទោះជាយ៉ាងណា រដ្ឋបាលខេត្តបានតម្រូវឱ្យក្រុមហ៊ុនត្រូវដាក់ពាក្យចុះបញ្ជីវិនិយោគតាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ បន្ទាប់ពីក្រុមហ៊ុនដាក់ពាក្យចុះបញ្ជីរួចអនុគណៈកម្មាធិការវិនិយោគខេត្ត នឹងបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុននិងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្តហើយអនុគណៈកម្មាធិការវិនិយោគខេត្តក៏ត្រូវពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធផងដែរ៕