ប្រាសាទវត្តឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងនេះបើតាមឯកសារពីក្រសួងទេសចរណ៍។
បើតាមឯកសារនោះប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០) នាសម័យមហានគរ ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុងធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀមហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។ នៅទីនោះមានដើមពោធិ៍១៨ដើមដុះព័ទ្ធជុំវិញប្រាសាទបង្កើតអោយមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។
នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។ សងេ្កតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនានៅសេសសល់តាមផែ្នកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផង។ ចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូរសមុទ្រទឹកដោះដែលបង្អាញពីតួអង្គជាច្រើនក្រុមមានទេវតា យក្សទាញពស់ នាគ ដណើ្តមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈលែងជួបនឹងទុក្ខព្រួយកើតចាស់ឈឺស្លាប់ទៀតហើយ។ ចំណេរកាលក្រោយមកព្រះមហាក្សត្រនាម៉ឺនសព្វមុខមន្រ្តី និង ប្រជារាស្រ្តងាកមកគោរពចំពោះព្រះពុទ្ធសាសនាហើយកេរដំណែលក្នុងលទ្ធិទេវរាជ មួយចំនួនត្រូវបោះចោលលែងមានអ្នកចាប់អារម្មណ៍ដែលជាហេតុនាំឲ្យខូចខាតប្រេះស្រាំដោយសារធម្មជាតិជនទុច្ចរិត និងសង្រ្គាមជាបន្តបន្ទាប់។
ចំណែកនៅបរិវេណប្រាសាទវត្តឯកភ្នំនោះត្រូវបានអាជ្ញាធរ និងអ្នកស្រុកស្រុះស្រួលគ្នាកសាងសំណង់វត្តអារាមព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថា "វត្តឯក" ហើយអ្នកស្រុកជិតឆ្ងាយក៏បាននាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែ។ ដោយសារតែនៅកែ្បរប្រាសាទនោះមានសំណង់វត្តអារាមបែបនេះហើយទើបប្រាសាទនេះហៅថា "ប្រាសាទវត្តឯកភ្នំ" ។ វត្តនេះស្ថិតនៅប្រហែលប្រាំបីគីឡូម៉ែត្រទៅភាគខាងជើងនៃក្រុងបាត់ដំបង។ បើជិះពីក្រុងតាមមាត់ស្ទឹងសង្កែងាយជាងផ្លូវលំមួយទៀតដែលមានសភាពមិនល្អ។ បើជិះតាមផ្លូវលំអាចមកដល់បឹងមួយធំចម្ងាយប្រហែល២០០មពីប្រាសាទ បឹងនោះមានបណ្តោយប្រវែង៤០០ម(កើតលិច)និងទទឹង២០០ម(ជើងត្បូង)៕