ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ រួមជាមួយគ្រឿងញៀនទម្ងន់១៦០គីឡូត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបក្រោយពេលពួកគេបានដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះថា កាលពីវេលាម៉ោង១៤និង១៥នាទីនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជានៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
របាយការណ៍ដដែលបានឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម, ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ និង៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។ ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកបានវត្ថុតាងប្រភេទថ្នាំមេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូក្រាម។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕