ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃមកនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍នូវវិធានការនានាដើម្បីការពារជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ ខែតុលានេះថា នៅថ្ងៃ២៣ ខែតុលាម្សិលមិញកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទេ ហើយនេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩សូម្បីតែម្នាក់។ ទោះជាមិនមានឆ្លងថ្មីក៏ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវប្រជាដល់ពលរដ្ឋត្រូវចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ-១៩ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាបានប្រមាណ៩៥,០៨ភាគរយធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ខណៈការចាក់វ៉ាក់សាំងលើប្រជាជនអាយុពី១៨ឆ្នាំឡើងបានប្រមាណ ១០៣,៧២ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់៕