អង្គការនៃប្រទេសនាំចេញប្រេងបានប្រកាសនាពេលថ្មីៗថាខ្លួននឹងផលិតប្រេងតិចជាង២លានបារ៉ែលក្នុង១ថ្ងៃចាប់ពីខែវិចិ្ឆកានេះទៅដោយការទប់ស្កាត់ការផ្គត់ផ្គង់ប្រេងដែលស្ថិតក្នុងទីផ្សារតានតឹង បើទោះបីជាមានការដាក់សម្ពាធពីអាមេរិកនិងប្រទេសដទៃឲ្យបង្កើនទិន្នផលបន្ថែមទៀតក៏ដោយ។
លោកប្រធានាធិបតី Joe Biden មានប្រសាសន៍កាលពីសប្តាហ៍មុនថា វានឹងមានផលវិបាករវាងប្រទេសអាមេរិកនិងអារ៉ាប៊ីសាអូឌីតបន្ទាប់ពី OPEC ធ្វើការសម្រេចចិត្តបែបនេះ។ រដ្ឋមន្រ្តីការបរទេស Mevlüt Çavuşoğlu បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅខាងត្បួងប្រទេសទួរគីកាលពីថ្ងៃសុក្រថា “យើងឃើញថាអាមេរិកបានគំរាមគំហែងអារ៉ាប៊ីសាអូឌីតជាពិសេសថ្មីៗនេះ ហើយការគំរាមគំហែងនេះពិតជាមិនត្រឹមត្រូវនោះទេ។” លោកបានថ្លែងទៀតថា “ពួកយើងគិតថាវាមិនត្រឹមត្រូវទេដែលអាមេរិកប្រើប្រាស់ចំណុចនេះដើម្បីគំរាមគំហែងអារ៉ាប៊ីសាអូឌីតឬប្រទេសណាក៏ដោយ។”
អាមេរិកមានការអន្ទះសារចង់ឃើញអារ៉ាប៊ីសាអូឌីតនិងដៃគូនៃក្រុមប្រទេសនាំចេញប្រេងបូមប្រេងបន្ថែមទៀតដើម្បីជួយកាត់បន្ថយថ្លៃដើមខ្ពស់នៃប្រេងឥន្ធនៈនិងបន្ធូរបន្ថយអត្រាអតិផរណាខ្ពស់បំផុតរបស់អាមេរិកក្នុងរយះពេល៤០ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមអង្គការ OPEC ដឹកនាំដោយ Riyadh និងក្រុមអ្នកផលិតប្រេងចំនួន 10 ផ្សេងទៀតដែលដឹកនាំដោយប្រទេសរុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយទិន្នផលសកលនៅខែក្រោយ ហើយការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងនាំឱ្យតម្លៃប្រេងឡើងថ្លៃ ដែលនឹងជួយឱ្យរុស្ស៊ីចំណាយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ រដ្ឋមន្រ្តីក្រសួងការបរទេសនៃអាណាចក្រអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan បានថ្លែងថា ការសម្រេចចិត្តនៃប្រទេសនាំចេញប្រេងOPEC គឺជាសេដ្ឋកិច្ចសុទ្ធសាធ ហើយត្រូវបានទទួលយកជាឯកច្ឆ័ន្ទដោយរដ្ឋជាសមាជិករបស់ខ្លួន។ យ៉ាងណាមិញអាណាចក្រអារ៉ាប៊ីសាអូឌីតបានបដិសេធទៅថាខ្លួនមិនបានចូលភាគីលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចដោយទទូចថាខ្លួនបានរក្សា "ជំហរគោល" ក្នុងការគាំទ្រច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salma បាននិយាយនាពេលថ្មីៗនេះថា ទ្រង់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា រាជាណាចក្រនេះ “ឈរជាមួយរុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន”។