ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ទីម័រឡេស្តេ លើកទី១ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទេសចរណ៍ និងពាណិជ្ជកម្មដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា កម្ពុជាកំពុងអនុវត្តយ៉ាងជោគជ័យនូវផែនទីបង្ហាញផ្លូវសម្រាប់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដែលមាន៣ដំណាក់កាល។ បើតាមលោករដ្ឋមន្ត្រីកម្ពុជាកំពុងអនុវត្តយ៉ាងសកម្ម និងជោគជ័យនូវផែនទីបង្ហាញផ្លូវសម្រាប់ការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជាឆ្នាំ ២០២០-២០២៥ដែលមាន៣ដំណាក់កាល៖ គឺដំណាក់កាលទី១(ភាពធន់ និងការចាប់ផ្តើមឡើងវិញ)ពីឆ្នាំ២០២០ដល់ឆ្នាំ២០២១, ដំណាក់កាលទី២(ការងើបឡើងវិញ)ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣, ដំណាក់កាលទី៣(ចាប់ផ្តើមឡើងវិញ)ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥។
លោក ថោង ខុន អះអាងថា ដំណាក់កាលនីមួយៗដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ដោយផ្តោតលើការគាំទ្រពីវិស័យឯកជនផលប៉ះពាល់ដល់កម្មករតាមរយៈជំនួយផ្នែកហិរញ្ញវត្ថុការលើកកម្ពស់កម្មវិធីសិក្សារូបវន្ត និងតាមអ៊ីនធឺណិតសម្រាប់បង្កើនជំនាញការអប់រំឡើងវិញ និងអក្ខរកម្មឌីជីថលការអនុវត្តយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់ភ្ញៀវទេសចរក្នុងស្រុក។
ដើម្បីធានាបានថា ប្រទេសកម្ពុជាជាគោលដៅសុវត្ថិភាពកម្ពុជាកំពុងជំរុញការអនុវត្តS.O.Pសម្រាប់សុវត្ថិភាពនិងអនាម័យ។ ជាលទ្ធផលសម្រាប់រយៈពេល៩ ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន១.២៥លាននាក់កើនឡើង៥៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ រយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២២ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ២លាននាក់។
ដើម្បីគាំទ្របន្ថែមទៀតដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍រដ្ឋាភិបាលបានបំរុងសាច់ប្រាក់ចំនួន១៥០លានដុល្លារសម្រាប់ប្រតិបត្តិករទេសចរណ៍ដើម្បីស្នើសុំជាកម្ចីសម្បទានជាមួយនឹងការគ្រោងចាប់ផ្តើមអាជីវកម្មរបស់ពួកគេឡើងវិញ។ ជាងនេះទៅទៀតជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំ ឬលើសពីនេះអាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ ហើយកម្មវិធីនេះនឹងជំរុញឱ្យមានការចាប់ផ្តើមឡើងវិញនិងទេសចរណ៍ក្នុងស្រុកកាន់តែច្រើន។
ដើម្បីរៀបចំអនាគតទេសចរណ៍ក្រៅពីផែនទីបង្ហាញផ្លូវកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តសៀមរាបអង្គរ និងតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរីហើយរដ្ឋាភិបាលបានបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋផងដែរ។ សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-ទីម័រឡេស្តេលើកទី១ឆ្នាំ២០២២នេះ រៀបចំឡើង នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញដោយភាគីកម្ពុជាដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា និងទីម័រដឹកនាំដោយលោក Joseé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត៕