ភ្នំពេញ៖ ជនបរទេសចំនួន២៦៣នាក់មាន៤សញ្ជាតិ ត្រូវបានធ្វើការបណ្ដេញចេញពីកម្ពុជា ក្រោយពេលពួកគេមានពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែននិងលួចស្នាក់នៅធ្វើការងារខុសច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថានៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញជនបរទេសចំនួន២៦៣នាក់ មាន៤សញ្ជាតិក្នុងនោះជនជាតិបង់ក្លាដេសចំនួន២នាក់ ជនជាតិថៃ ចំនួន១៦នាក់ ជនជាតិចិន ចំនួន៧៤នាក់ (តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាម ចំនួន១៧១នាក់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងបន្តថា ការបណ្ដេញចេញនេះគឺអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍និងធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតនិងត្រពាំងផ្លុង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានគួសបញ្ជាក់ថា ជនបរទេសទាំង២៦៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែននិងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ៕