ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដល់ពលរដ្ឋដែលរងគ្រោះដោយសារបទល្មើសលួច ឬប្លន់ត្រូវយកឯកសារសក្ខីកម្មដែលពាក់ព័ន្ធនឹងបទល្មើសមកផ្ទៀងផ្ទាត់ រកឱ្យឃើញនូវភាពត្រឹមត្រូវ ដើម្បីទទួលបានជាកម្មសិទ្ធិវិញ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងាររដ្ឋបាលបានពិនិត្យនិងផ្ទៀងផ្ទាត់លើឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពីអំពើល្មើសហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួនរួចមកហើយ។
ទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា ដោយពិនិត្យឃើញថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ហើយត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើសនៅមិនទាន់មានប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ។
រដ្ឋបាល រាជធានីភ្នំពេញបានស្នើដល់ពលរដ្ឋ ដែលជាជនរងគ្រោះដោយសារអំពីលួច ឬអំពើប្លន់(លួចដោយមានស្ថានទម្ងន់ទោស)ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់ យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធដទៃទៀតរួសរាន់ទៅបង្ហាញជូនតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានបើកប្រតិបត្តិការលើទីតាំងអាជីវកម្មទទួលបញ្ចាំជាច្រើនកន្លែង និងដកហូតបានយានយន្តមួយចំនួនធំដែលពុំមានឯកសារត្រឹមត្រូវខណៈយានយន្តខ្លះត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងករណីលួច ប្លន់ ទៀតផង៕