សៀមរាប៖ សាលាស្រុកចំនួន២នៅក្នុងខេត្តសៀមរាប នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងថ្មីមកនៅក្នុងតំបន់អភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីជួយសម្រួលដល់ផ្នែករដ្ឋបាលសាធារណជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះថា សាលាស្រុកបន្ទាយស្រី នឹងត្រូវរើពីទីតាំងចាស់ទៅកាន់តំបន់រុនតាឯកហើយសាលាស្រុកអង្គរធំ នឹងត្រូវរើទៅកាន់ឃុំពាក់ស្នែង។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលមិនឲ្យតែពលរដ្ឋរើចេញពីតំបន់អាជ្ញាធរអប្សរាហើយទុករដ្ឋបាលរបស់ខ្លួននៅតំបន់អាជ្ញាធរអប្សរានោះទេតែត្រូវចេញទាំងអស់គ្នា។ នៅក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជាថ្មីថា រាជរដ្ឋាភិបាលមិនរុះរើ ឬលុបចេញរដ្ឋបាលឃុំព្រះដាក់ ស្រុកបន្ទាយស្រី នោះទេប៉ុន្តែក៏មិនអនុញ្ញាតសាងសង់សំណង់ ឬផ្ទះបន្ថែមទៀតដែរ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានពលរដ្ឋចំនួន ៩១៣៤គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្ថិតក្នុងស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅស្រុកអង្គរធំ៕