ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរាបានប្រទះឃើញបំណែកព្រះកេសអសុរា ធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។
ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែងក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។
លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ទៅ៤តឹកក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំងបន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នាក៏កើតបានទៅជាព្រះកេសអសុរាតែមួយដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរាធ្វើពីថ្មភក់ដែលគេប្រទះឃើញនេះគឺស្ថិតក្នុងរចនាបថបាយ័ននៃរាជព្រះបាទជ័យវរ្ម័នទី៧ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ព្រមទាំងភ្នាក់ងារទេសចរណ៍យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាតនិងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះមុននឹងយកទៅផ្គុំឡើងវិញ។
មន្ត្រីអាជ្ញាធរជាតិអប្សរាឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិកន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះគឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំកាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែងឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។
សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាមានគម្រោងកែលម្អរទីតាំងខាងលើឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ។ ដូច្នេះការធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះនឹងបន្តធ្វើដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕