ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកដល់បណ្ដាគណបក្សនយោបាយឱ្យប្រុងប្រយ័ត្នចំពោះការផ្សារភ្ជាប់ខ្លួន ឬមានទំនាក់ទំនងណាមួយជាមួយជនឧទ្ទាមបើពុំនោះទេត្រូវប្រឈមមុខនឹងច្បាប់ជាមិនខាន។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ នឹងត្រូវប្តឹងទៅតុលាការដើម្បីរំលាយបក្សនោះចោល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា លោក សម រង្ស៊ី មិនទាន់កាន់តំណែងផងតែហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្តខណៈសម្ដេចកាន់តំណែង តែមិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី១មីលីម៉ែត្រ។
សូមបញ្ជាក់ដែរថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី អតីតមេបក្សប្រឆាំងឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរក្រោមការចោទប្រកាន់ពីបទ "ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក"៕