ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចនិរាករណ៍លិខិតបង្គាប់ការ និងបណ្ដាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ក្នុងខណ្ឌចំនួន១៤ទូទាំងរាជធានីភ្នំពេញ និងបញ្ជាឱ្យប្រមូលផ្ដុំកម្លាំងត្រៀមបែងចែកភារកិច្ចជាថ្មី។ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា លិខិតបង្គាប់ការលេខ០៧៧ បកចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ស្តីពីការបង្កើតក្រុមការងារចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ត្រូវបាននិរាករណ៍។
នៅក្នុងសេចក្ដីសម្រេចនេះបានលើកឡើងថា កម្លាំងនិងគោលដៅចរាចរណ៍ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាននិងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឱ្យស្នងការរងផែនការងារនគរបាលចរាចរណ៍នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកត្រូវប្រមូលផ្ដុំកម្លាំង និងធ្វើការបែងចែកភារកិច្ចជាថ្មីទៅតាមសំណូមពរចាំបាច់នៃការងារ៕