ភ្នំពេញ៖ ព្យុះទី២០ឈ្មោះ នេសាទ(NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទី២១ ខែតុលា ខណៈតំបន់មួយចំនួននៅកម្ពុជាស្ទើរតែគ្មានភ្លៀងធ្លាក់។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ខែតុលានេះថា នៅថ្ងៃទី១៩-២១ ខែតុលា កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ឈ្មោះ នេសាទ (NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនាថ្ងៃទី២១ ខែតុលា ។
ក្រសួងឱ្យដឹងបន្តថា ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀងបើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តា រាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀងបើមានក៏តិចតួចដែរ តែបន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈតំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕