សួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៧ ខែតុលា នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចមនៅខេត្តសៀមរាប ដើម្បីជួសជុលបល្ល័ង្កបដិមាហើយការបើកឲ្យចូលទស្សនាឡើងវិញនឹងធ្វើឡើងនៅពេលជួសជុលរួច។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ទីសក្ការៈបូជាចំពោះព្រះអង្គចេក និងព្រះអង្គចមនៅខេត្តសៀមរាបនឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេលចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះតទៅដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការជួសជុលបល្ល័ង្កបដិមាព្រះអង្គចេក និងព្រះអង្គចម។ ក្រសួងវប្បធម៌នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់។
Sopon. 097៖ គួររំលឹកថា តាមជំនឿរបស់ពលរដ្ឋខ្មែរភាគច្រើនតែងតែមានជំនឿលើអារក្ខអ្នកតា បដិមា រូបសំណាក និងជឿលើអបិយជំនឿផ្សេងៗទៅតាមតំបន់ដែលខ្លួនរស់នៅ ដែលនេះជាទំនៀមទម្លាប់របស់ខ្មែរកើតមានតាំងពីបរមបុរាណមកតែអ្វីដែលគួរឲ្យចចាប់អារម្មណ៍គឺនៅកណ្តាលក្រុងទេសចរណ៍សៀមរាបនោះគឺទីតាំងសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដែលមានមនុស្សម្នាចេញចូលមិនដាច់ក៏ព្រោះតែទីនោះជាទីតាំងដ៏ស័ក្តិសិទ្ធិនិងមានប្រវត្តិបែបអច្ឆរិយតែមួយគត់ដែលប្រជាជនខ្មែរបានទៅដល់ទីនោះហើយមិនអាចរំលងដោយមិនគោរពបូជាបានឡើយ ។
ព្រះអង្គចេក ព្រះអង្គចម មានទីតាំងនៅក្បែរព្រះរាជដំណាក់ព្រះមហាក្សត្រចំកណ្តាលទីក្រុងសៀមរាបមានអាសនៈយ៉ាងល្អស្អាតសម្រាប់តម្កល់រូបសំណាកធ្វើពីសំរឹទ្ធសុទ្ធចំនួនពីរព្រះអង្គ។ រូបសំណាកដែលមានកម្ពស់ខ្ពស់មានព្រះនាមថថា ព្រះអង្គចេក និងរូបសំណាកដែលមានកម្ពស់ទាបជាងបន្តិចមាននាមព្រះអង្គចម ដែលរូបសំណាកមួយៗមានទម្ងន់ជាង១៥០គីឡូក្រាមហើយរូបទាំងពីរនេះអ្នកស្រុកតែងយល់ថាជាបងប្អូនបង្កើតនឹងគ្នា។ រូបសំណាកទាំងពីរនេះត្រូវអ្នកសៀមរាបនិងមហាជនទូទៅជឿថា មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ហើយត្រូវបានរកឃើញជាថ្មីដោយក្រុមមន្ត្រីអភិរក្សអង្គរនៅក្នុងឆ្នាំ១៩៥០។ ក្រុមមន្ត្រីជំនាញមានជំនឿថា តាំងពីដើមមករូបសំណាកទាំងពីរនេះគឺបានតម្កល់នៅក្នុងប្រាសាទអង្គរវត្តក្នុងសម័យកាលដ៏រុងរឿងតែបានបាត់បង់នៅពេលដែលប្រាសាទនេះត្រូវបោះបង់ក្នុងសម័យសង្គ្រាមជាមួយសៀម ។
គ្រប់គ្នាសុទ្ធតែបានដឹងអំពីបារមីដ៏ស័ក្តិសិទិ្ធរបស់រូបសំណាកទាំងពីរនេះ ប៉ុន្តែអាចស្រពេចស្រពិលអំពីប្រវត្តិរបស់រូបសំណាកទាំងពីរនេះ។ រូបសំណាកទាំងពីរនេះធ្លាប់ស្ថិតក្នុងការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ផ្តាច់ការម្នាក់គឺដាបឈួន បន្ទាប់មកក៏ធ្លាក់ដល់ដៃកងទ័ពខ្មែរក្រហមនាំយកទៅទម្លាក់ចោលក្នុងទឹកស្ទឹងសៀមរាបអស់ពេល៥ឆ្នាំ ។ ចុងក្រោយរូបសំណាកដ៏មានបារមីនេះបានត្រឡប់មកទីតាំងដើមវិញជាថ្មីម្តងទៀត ។ មហាជនគ្រប់គ្នាមានជំនឿថា បដិមាទាំងពីរនេះតែងតែការពារទឹកដីខេត្តសៀមរាបពីមួយជំនាន់ទៅមួយជំនាន់ និងជួយការពារមហាជនដែលមកបួងសួងសុំសេចក្តីសុខនិងឱ្យសម្រេចសេចក្តីប្រាថ្នាជានិច្ច ។
សព្វថ្ងៃនេះព្រះអង្គចេក ព្រះអង្គចម ជាទីតាំងសក្ការៈសម្រាប់ផ្តល់នូវសេចក្តីសុខជោគវាសនា និងលាភសំណាងទៅកាន់គូស្វាមីភរិយាថ្មីនិងប្រជាជនក្នុងខេត្តសៀមរាប រួមនឹងប្រជាជនកម្ពុជាគ្រប់រូបដែលបានចូលទៅបន់ស្រន់ប្រាថ្នាសុំសុខសួស្តី។ ទោះជាយ៉ាងណាចាប់តាំងពីប្រទេសជាតិបានរងនូវឥទ្ធិពលនៃការគំរាមកំហែងដ៏ខ្លាំងក្លារបស់មេរោគកូវីដ-១៩មក ទីតាំងសក្ការៈព្រះចេកព្រះអង្គចម ក៏បានថមថយមិនឃើញមានមហាជនចូលទៅបន់ស្រន់គគ្រឹកគគ្រេងដូចមុនផ្ទុះជំងឺកូវីដទេ តែក៏គង់មានអ្នកចូលទៅបែបន់មិនសូវដាច់នោះដែរ ជាពិសេសក្នុងឱកាសបុណ្យជាតិធំៗមានដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យអុំទូក៕