ភ្នំពេញ៖ រយៈពេល១៥ថ្ងៃ មានយានយន្តជិត២០ម៉ឺនគ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុខណៈករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងជញ្ជូន។ តាមរបាយការណ៍ដដែលបានឱ្យដឹងថា ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះតួលេខចំនួនយានយន្តកើនឡើងដល់ជាង១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បងនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ក្រសួងសាធារណការ និងជញ្ជូនបានឱ្យដឹងដែរថា កំឡុងពេល១៥ថ្ងៃនេះថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋដោយក្នុងថ្ងៃនោះមានយានយន្តសរុបចំនួន២១.៧៩៨គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿន។ ក្រសួងសាធារណការ និងជញ្ជូនបានគូសបញ្ជាក់ដែរថា ក្នុងចំណោមយានយន្តចំនួនជាង១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះមានករណីត្រូវការការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន៥០៦ខ្សែដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩៕