ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ចំពោះគម្រោងវិលចូលកម្ពុជារបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងតាមរយៈការរៀបចំខ្នោះ និងគុករួចជាស្រេច។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនដែលចេញបទបញ្ជាមិនឲ្យយន្ដហោះបរទេសដឹកលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងមកកម្ពុជានោះទេ ប៉ុន្តែពេលមកដល់ស្រុកខ្មែរ នឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុកតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានហាមឃាត់ឡើយហើយអ្នកណាចង់ដឹកក៏ដឹកទៅតែនឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុកខណៈសម្ដេចក៏មិនស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសដល់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែរ។ នៅក្នុងពិធីដដែលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសដែរថា ប្រសិនបើគណបក្សនយោបាយណាមួយផ្សាភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនោះនឹងត្រូវទទួលរងនូវលទ្ធផលណាមួយតាមច្បាប់ស្ដីពីគណបក្សនយោបាយ៕