សូមស្វាគមន៍ ដំណើរកម្សាន្តមកកាន់ខេត្តកំពតក្នុងព្រឹត្តិការណព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាដើមខែវិច្ឆិកាខាងមុខ ! នេះគឺជាខ្លឹមសារ ដែលបានសរសេរនៅលើបដា និងខ្លោងទ្វារសំខាន់ៗនៅទឹកដីខេត្តកំពត។
ពិធីអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើតាមការឲ្យដឹងពី មន្ទីរទេសចរណ៍ខេត្ត។
ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ នាពេលខាងមុខរដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតនៅលើដងព្រែកកំពង់បាយចាប់ពីថ្ងៃទី០៦ - ០៧ ខែវិច្ឆិកា និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី០៨ ខែវិច្ឆិកា ។
ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនេះមានបរិយាកាសកាន់តែអធិកអធម និងសប្បាយរីករាយរដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីរួមមាន ការប្រណាំងទូក (ង) ប្រពៃណីខ្មែរ ការសម្តែងសិល្បៈប្រពៃណី ប្រគុំតន្ត្រីប្រពៃណី និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ ។
ជាមួយគ្នានោះ អាជ្ញាធរខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពតប្រកបដោយសេចក្តីសប្បាយរីករាយ។
ចំណែកគោលដៅទេសចរណ៍និងសេវាកម្មទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ បានត្រៀមរៀបចំរួចជាស្រេចទទួលស្វាគមន៍ភ្ញៀវកិត្តិយស ជាតិ អន្តរជាតិ៕ (មានជ័យ)