ភ្នំពេញ៖ ជនសង្ស័យជាបុរសស្បែកខ្មៅជាជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្រ្តីខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពេលពួកគេបានធ្វើសកម្មភាពឆបោកប្រាក់តាមបណ្តាញសង្គម WhatsApp កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្បា បានឱ្យដឹងថាកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) និង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធ) ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញសង្គម WhatsApp ក្រោមរូបភាពលួងលោមសុំស្រឡាញ់និងសន្យាផ្ញើប្រាក់រួមទាំងអីវ៉ាន់មានតម្លៃពីក្រៅប្រទេសមកឱ្យជនរងគ្រោះ។
សមត្ថកិច្ចបានឱ្យដឹងបន្តថា នៅអំឡុងពេលធ្វើសកម្មភាព ក៏មានស្ត្រីជាប្រពន្ធបានក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរសព្ទទៅជនរងគ្រោះដើម្បីទាមទារកម្រៃ ឬថ្លៃសេវាផ្សេងៗ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ឬសម្ភារដែលគ្មានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យធ្លាក់ចូលអន្ទាក់ក្នុងការឆបោកឬចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕