ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង ក្រោយពេលប្រើប្រាស់ពាក្យសម្តីនិងកាយវិការមិនសមរម្យជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ដែលរងការដាក់វិន័យកងកម្លាំងនេះមានឈ្មោះ ពុត ធារី ត្រូវបានរកឃើញថាបានប្រើប្រាស់ពាក្យសម្ដីនិងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥។
ក្រោយពេលមានករណីបែបនេះកើតឡើង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស ធ្វើការកោះហៅឲ្យចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសទទួលនូវការរិះគន់ក្នុងន័យស្ថាបនាផងដែរ៕