ភ្នំពេញ៖ ជនសង្ស័យចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចសម្ភារអគ្គិសនី ចំនួនរាប់ពាន់គ្រឿងនៅចំណុចឃ្លាំងគ្មានលេខ ស្ថិតនៅផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
របាយការណ៍របស់ស្នងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សម្ភារជាងគ្រប់ប្រភេទ ចំនួន១២៣កេះ និង៥៦៧គ្រឿង (ម៉ូទ័រឆាប,ម៉ូទ័រស្វាន,ម៉ូទ័រមីកាតិច, ម៉ូទ័រដោះប៉ូឡុងរថយន្ត,ម៉ូទ័រស្វានម៉ូលា,ម៉ូទ័រឈូស និងសម្ភារៈជាងផ្សេងៗទៀត)។
របាយការណ៍របស់ស្នងស្នងការដ្ឋាន បានបញ្ជាក់ដែរថា សម្ភារដែលបាត់បង់រួមមាន៖ សម្ភារជាងគ្រប់ប្រភេទ មានម៉ូទ័រស្វាន, ម៉ូទ័រឆាប, ម៉ូទ័រដោះប៊ូឡុង, ម៉ូទ័រកាត់ដែក, ម៉ូទ័រលាងរថយន្ត, ម៉ូទ័រជម្រុញទឹក, ម៉ូទ័រទម្លាក់អណ្តូង និងសម្ភារផ្សេងៗទៀត ចំនួន ៥,០០០គ្រឿង គិតជាទឹកប្រាក់ចំនួន ៨០,០០០ដុល្លារអាម៉េរិក។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
អត្ថបទ៖លាង ឡា