កណ្ដាល៖ សពកុមារចំនួន៨នាក់ ដែលលង់ទឹកដោយសារលិចទូកដរនៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានអាជ្ញាធររកឃើញខណៈមួយចំនួនទៀតកំពុងស្ថិតក្នុងការតាមរក និងជួយសង្រ្គោះនៅឡើយ។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា គិតមកត្រឹមវេលាម៉ោង៨:០០នាទីព្រឹកនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចសង្រ្គោះបានកុមារចំនួន៤នាក់ និងរកឃើញអ្នកស្លាប់ចំនួន៨នាក់ (ស្រីម្នាក់)។ ប្រភពបានឱ្យដឹងបន្តថា សមត្ថកិច្ចកំពុងរុករកអ្នកនៅសេសសល់ចំនួន៣នាក់ទៀត ដែលកំពុងបាត់ខ្លួនទៅតាមមធ្យោបាយនានាតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា ករណីលិចទូកចម្លងនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ករណិនេះត្រូវបានប្រភពលើកឡើងថា មានកុមារប្រមាណ១៤ទៅ១៥នាក់បានរងគ្រោះដោយសារការលិចទូកនេះ។ យ៉ាងណាក៏ដោយមកទល់ពេលនេះពុំទាន់មានប្រភពណាមួយបញ្ជាក់ជាផ្លូវការ អំពីមូលហេតុដែលបណ្ដាលឱ្យមានករណីលិចទូកនេះនៅឡើយទេ៕