អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញនៅពេលអាកាសធាតុអំណោយផលជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។ លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទ តាព្រហ្មបានឲ្យដឹងថា ផ្ទៃមុខអប្សរាដែលបាត់នោះពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។
លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាពដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះរបេះចេញពីទីតាំងដើម។ លោក សោម ប៊ុនធឿន រំឭកទៀតថា ក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល និងធម្មជាតិពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។
ចំណែកលោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅប្រាសាទតាព្រហ្មលើកឡើងថា លោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធដូចជានគរបាលបេតិកភណ្ឌជាដើម។ តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះគឺរបេះមកដោយខ្លួនឯងដោយមានស្នាមប្រេះយូរហើយតែគេមើលមិនឃើញ។
លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំងគឺមានកូនឫសឈើដើមត្រាងចាក់ចូលហើយមានស្នាមប្រេះស្រាប់ផងនោះទើបឫសឈើបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាលោកស្រី នេត ស៊ីម៉ន បញ្ជាក់ថា ជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរឬសឈើ មិនដូច្នោះទេអាចឱ្យបែកដោយងាយ។ មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អឡើងវិញនោះក្រុមការងារភាគីឥណ្ឌាដែលសហការជួសជុលប្រាសាទតាព្រហ្មនឹងយកមកបិទឡើងវិញ៕