អាជ្ញាធរជាតិព្រះវិហារកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជូនមន្រ្តីបច្ចេកទេសបីនាក់ដឹកនាំដោយប្រធាន និងអនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា ដើម្បីចូលរួមវគ្គសិក្ខាសាលាខ្លីស្តីពីការផលិតកំបោរបាយអសម្រាប់ការងារអភិរក្សប្រាសាទនៅមជ្ឈមណ្ឌលគម្រោងអភិរក្សទេពអប្សររបស់អាឡឺម៉ង់ (German Apsara Conservation Project, GACP)ក្នុងខេត្តសៀមរាប។
គោលបំណងនៃសិក្ខាសាលាខ្លីនេះគឺទី១. យោងទៅលើអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិអាដហុកក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧របស់អាជ្ញាធរជាតិព្រះវិហារ ទី២. បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសលើជំនាញផលិតកំបោរបាយអតាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ និងតាមលក្ខណៈវិទ្យាសាស្ត្រហើយរូបមន្តនៃការផលិតកំបោរបាយអក្រោយពីសិក្ខាសាលានេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការងារអភិរក្សប្រាសាទថ្ម និងប្រាសាទឥដ្ឋនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនាពេលខាងមុខ។
បើតាមអាជ្ញាធរជាតិប្រាសាទព្រះវិហារសិក្ខាសាលាខ្លីនេះឆ្លុះបញ្ចាំងពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងស្ថាប័ន GACP លើកិច្ចការងារអភិរក្សប្រាសាទក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ គួររំលឹកថា ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc កន្លងមកបានចុះត្រួតពិនិត្យពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ជាបន្តបន្ទាប់៕