ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីបបាត់ដំបងរយៈពេល២ថ្ងៃដោយចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួន១៨៩.១៦៧នាក់ នេះបើតាមការឲ្យដឹងពីលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១១ខែតុលានេះ។
បើតាមលោក អ៊ុច អ៊ុំភីនីស្សារ៉ា ភ្ញៀវទេសចរសរុបនៅថ្ងៃទី០៩ ខែតុលា(ថ្ងៃទី១)មានចំនួន៦១.២៧៨នាក់ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៦១.១៨៩នាក់ និងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)មានចំនួន៨៩នាក់។ ដោយឡែកនៅថ្ងៃទី១០ ខែតុលា(ថ្ងៃទី២)មានភ្ញៀវចូលរួមចំនួន១២៧.៨៨៩នាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន១២៧.៧៦៨នាក់ និងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)មានចំនួន១២១នាក់ ។
ចំនួនភ្ញៀវទេសចរដែលកើនឡើងនេះដោយសារកត្តារួមផ្សំមួយចំនួនរួមមាន៖ ប្រទេសមានសុខសន្តិភាពពេញលេញអាកាសធាតុអំណោយផលរដ្ឋបាលខេត្តបានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ តុបតែងភ្លើងពណ៌ និងខ្លោងទ្វារបានស្អាតល្អ បែងចែកមណ្ឌលកម្សាន្ត ស្តង់តាំងពិព័រណ៍ ជាមួយវេទិកាអុំទូកថ្មី ធំស្កឹមស្កៃ ដាច់ដោយឡែកពីគ្នា និងមានរបៀបពិសេសខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ច្រើនជាប្រភពមេដែកស្រូបទាញភ្ញៀវបានយ៉ាងច្រើនកុះករ។
គួររំលឹកថា ពិធីប្រណាំងទូកង និងបណ្តែតប្រទីបនៅខេត្តបាត់ដំបងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃដោយចាប់ពីថ្ងៃទី០៩ដល់ទី១០ ខែតុលា ឆ្នាំ២០២២ នៅតាមដងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបងចូលរួមដោយប្រភេទទូកផ្កាចារទូកមង ទូកខ្នាតអន្តរជាតិ ទូកខ្លីប្រពៃណី ទូកងវែងប្រពៃណី(បុរស)ចំណុះ៦៨នាក់ និង៧៥នាក់។ ពិធីនេះរៀបចំឡើងដើម្បីរម្លឹកពីជ័យជំនះវីរ:កងទ័ពជើងទឹកខ្មែពីអតីតកាល និងបង្ហាញពីភាពរីកលូតលាស់ឈានឡើងក្នុងតំបន់ក្រោមសន្តិភាពស្ថិរភាពនយោបាយល្អ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ការរៀបចំ ក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងពិធីនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡាជាពិសេសលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព និងបង្កការសប្បាយរីករាយ ស្និទ្ធស្នាលរវាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ហើយបានផ្សារភ្ជាប់ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ របស់ពលរដ្ឋខ្មែរ ក្នុងនិងក្រៅខេត្ត បានយ៉ាងល្អ ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្ត និងបានទស្សនានូវសមិទ្ធផលផ្សេងៗក្នុងខេត្តបាត់ដំបងដែលកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕