ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរឹបអូសសារធាតុញៀនទម្ងន់ជាង១គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រង់ចំណុចច្រកចេញដំណើរ។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៨នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ដោយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត។
របាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនគឺសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប្រទះឃើញសារធាតុកេតាមីន (KETAMIN) ទម្ងន់សុទ្ធ១គីឡូ និង ២,៤២ក្រាមបន្ទាប់មកក៏ឃាត់ជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិចិនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕