ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភីនីស្សារ៉ា បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា គ្រាន់តែថ្ងៃដំបូងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅបាត់ដំបងគឺនៅថ្ងៃទី០៩ ខែតុលា មានភ្ញៀវទេសចរជាង៦ម៉ឺននាក់បានចូលរួមអបអរសាទរនិងដើរលេងកម្សាន្ត។ បើតាមលោក អ៊ុច អ៊ុភីនីស្សារ៉ា ក្នុងចំណោមភ្ញៀវទេសចរទាំង៦១.២៧៨ នាក់រួមមាន ភ្ញៀវទេសចរជាតិចំនួន៦១.១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន៨៩ នាក់។
គួររំលឹកថា ពិធីប្រណាំងទូកង និងបណ្តែតប្រទីបនៅខេត្តបាត់ដំបងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃដោយចាប់ពីថ្ងៃទី០៩ដល់ទី១០ ខែតុលា ឆ្នាំ២០២២ នៅតាមដងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបងចូលរួមដោយប្រភេទទូកផ្កាចារ ទូកមង ទូកខ្នាតអន្តរជាតិ ទូកខ្លីប្រពៃណី ទូកងវែងប្រពៃណី (បុរស) ចំណុះ៦៨នាក់ និង៧៥នាក់។ ពិធីនេះរៀបចំឡើងដើម្បីរម្លឹកពីជ័យជំនះវីរ:កងទ័ពជើងទឹកខ្មែពីអតីតកាល និងបង្ហាញពីភាពរីកលូតលាស់ឈានឡើងក្នុងតំបន់ក្រោមសន្តិភាពស្ថិរភាពនយោបាយល្អ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ការរៀបចំក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងពិធីនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡាជាពិសេសលើកស្ទួយវប្បធម៌កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព និងបង្កការសប្បាយរីករាយស្និទ្ធស្នាលរវាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានហើយបានផ្សារភ្ជាប់ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ របស់ពលរដ្ឋខ្មែរ ក្នុងនិងក្រៅខេត្ត បានយ៉ាងល្អពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្ត និងបានទស្សនានូវសមិទ្ធផលផ្សេងៗក្នុងខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕