គ្រាន់តែរយៈពេល២ថ្ងៃនាចុងសប្តាហ៏កន្លងទៅនេះគឺនៅថ្ងៃសៅ និងអាទិត្យ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកំសាន្តប្រមាណ១១ ០០០០នាក់ នេះបើតាមការឲ្យដឹងពីសាលាខេត្តព្រះសីហនុ។
បើតាមការកត់សម្គាល់កំណើនភ្ញៀវទេសចរនេះបានកើនឡើងក្រោយពីការប្រកាសដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅខេត្តព្រះសីហនុព្រមទាំងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានប្រវែង១៨៧,០៥គីឡូម៉ែត្រត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្នុងទឹកប្រាក់ប្រមាណ២ ពាន់លានដុល្លារអាមេរិកតាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេររយៈពេល៥០ឆ្នាំ។ ក្រោយបើកដំណើការសាកល្បងដំបូងថ្ងៃទី០១ មានយានយន្តបើកបរប្រមាណជាង៩០០០គ្រឿងប៉ុណ្ណោះប៉ុន្តែថ្ងៃទី២ យានយន្តបានកើនឡើងរហូតដល់ជាង១៤០០០គ្រឿង៕