ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តធ្លាក់ភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដោយសារឥទ្ធិពលទ្រនង់សម្ពាធខ្ពស់ពីប្រទេសចិនលើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៃដីសណ្ដមេគង្គ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចមានភ្លៀងក្នុងកម្រិតតិចខណៈរាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតតិចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្សោយ។ ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្សោយផងដែរ៕