ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជានៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ យោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងថា កាយរឹទ្ធិជាតិកម្ពុជាគឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗតាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ១៩៤៣តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះឡើយ ហើយដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ១៩៩៩ទើបកម្ពុជាបានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងផេកផ្លូវការដែរថា កាយរឹទ្ធិជាតិកម្ពុជាគឺជាធនធានដ៏សំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ ក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម៕