ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរួមសហការគ្នាតាមដែលអាចធ្វើទៅបានដើម្បីស្ដារការខូចខាតផលដំណាំរបស់កសិករខណៈជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់ និងខូចខាតស្រូវអស់រាប់ម៉ឺនហិកតា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ជាសារជាសំឡេងនាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា មានខេត្តចំនួន២២ និងស្រុក ខណ្ឌ ចំនួន៩៦ បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងហើយបង្កឲ្យមានប្រជាជនស្លាប់ចំនួន៤នាក់ ខណៈមួយចំនួនទៀតត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ ឱ្យសហការជាមួយអ្នកពាក់ព័ន្ធតាមដែលអាចធ្វើទៅបាន អំពីការខូចខាតដែលទាក់ទងនឹងដំណាំស្រូវ ដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាឱ្យត្រៀមរៀបចំគ្រាប់ពូជចេញពីឃ្លាំងស្តុក ដើម្បីបញ្ជូនពូជស្រូវ ឬពូជដំណាំ ទាំងនោះជូនកសិករផងដែរ៕