Washington,CNA-
សហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗនេះមិនអាចផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងគ្រាប់រំសេវគ្រប់ប្រភេទដែលមានសារៈសំខាន់សំរាប់សមរភូមិរបស់ទីក្រុង Kyiv ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្សី ខណៈដែលគ្រប់រំសេវត្រូវបានប្រើប្រាស់អស់លឿនជាងការដែលផ្គត់ផ្គង់ដែលគេអាចរកមកជំនួស។ រហូតមកដល់ពេលនេះទីក្រុង Washington បានក្លាយទៅជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំជាងគេ ចាប់តាំងពីមានការឈ្លានពានរបស់រុស្សីចាប់តាំងពីខែកុម្ភៈ២០២២ ដែលកញ្ចប់ថវិការជំនួយយោធាមានរហូតដល់ទៅ ១៦,៨ពាន់លានដុល្លារបានផ្តល់ឲ្យ។ ប៉ុន្តែឃ្លាំងអាវុធនៃយុទ្ធោបករណ៍ខ្លះបានឈានទៅដល់កំរិតអប្បបរមាដែលត្រូវការសំរាប់ផែនការសង្រ្គាមនិងការហ្វឹកហ្វឺន។
ទីក្រុង Washington កំពុងរៀនសូត្រអំពីមេរៀននៃទំនាស់អំពីគ្រាប់រំសេវដែលត្រូវការនៅក្នុងសង្រ្គាមដ៏អស្ចារ្យមួយ ដែលវាអស្ចារ្យហួសពីការរំពឹងគិត មន្ត្រីយោធាសហរដ្ឋអាមេរិកម្នាក់បានទទួលស្គាល់ដោយនិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ។ ក្រុមហ៊ុនផ្នែកវិស័យការពារជាតិអាមេរិកត្រូវបានបង្ខំឲ្យផ្អាកការផលិតនៅក្នុងទស្សវត្សរ៍ឆ្នាំ៩០ ក្នុងពេលដែលសហរដ្ឋអាមេរិកបានកាត់បន្ថយការចំណាយលើវិស័យការពារជាតិបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ហើយចំនួនតួរលេខក្នុងការចំណាយនោះបានធ្លាក់ចុះពី២ខ្ទង់មកនៅត្រឹមតែមួយខ្ទង់។ ឥឡូវនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវធ្វើឲ្យផ្នែកឧស្សហកម្មជឿជាក់ហើយចាប់ផ្តើមរៀបចំប្រព័ន្ធតម្លើងឡើងវិញនូវប្រភេទអាវុធខ្លះដូចជា Stinger និងប្រព័ន្ធមីស៊ីលសំរាប់ការពារជាដើម។
គ្រឿងអាវុធខ្លះដែលផ្តល់ដោយសហរដ្ឋអាមេរិកបានក្លាយទៅជាសញ្ញាដែលគេស្គាល់នៅក្នុងសង្រ្គាមក្នុងអ៊ុយក្រែន ដូចជា Javeiin អាវុធដែលប្រឆាំងរថក្រោះដែលប្រើជាទូទៅនៅក្នុងកងទ័ពរបស់អ៊ុយក្រែនដែលធ្វើឲ្យកងទ័ពរុស្សីមានការស្លន់ស្លោក្នុងការវាយលុករុលចូលមកមុខនៅក្នុងរដ្ឋធានី Kyiv ហើយនិង HIMARS ដែលជាប្រព័ន្ធរ៉ុក្កែតដែលបាញ់ត្រង់និងច្បាស់ជាទីបំផុត ឥឡវនេះកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការវាយបកទៅលើកងទ័ពនៃទីក្រុងមូស្គូនៅផ្នែកខាងត្បូងនិងខាងកើត។ ប៉ុន្តែឃ្លាំងស្តុកគ្រាប់សំរាប់ HIMARS ដែលបាញ់ដោយប្រព័ន្ធ GPS ដែលគេស្គាល់ថាជា GMLRS ដែលបាញ់បានចម្ងាយពី ៨០គ.ម. ត្រូវបានរលូសអស់ពីឃ្លាំង។
“បើសិនជាសហរដ្ឋអាមេរិកបញ្ជូន១/៣នៃបញ្ជីរសារពីព័ន្ធទៅឲ្យអ៊ុយក្រែន អ៊ុយក្រែននឹងទទួលបានពី ៨,០០០ ទៅ ១០,០០០ រ៉ុក្កែត។ ឃ្លាំងស្តុកនៃអាវុធទាំងនោះទំនងជានឹងត្រូវអស់ពីស្តុកក្នុងរយៈពេលជាច្រើនខែ ហើយបើសិជាអស់ពីស្តុកនឹងគ្មានអ្វីមកជំនួសបានទេ" Cancien បាននិយាយ ដែលពីពេលមុនធ្លាប់បានធ្វើការជាអ្នកទិញអាវុធសំរាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ “ការផលិតប្រហែលជា ៥,០០០ក្នុងមួយឆ្នាំ” ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកកំពុងតែធ្វើការងារដើម្បីបង្កើននូវចំនួនរបស់វា ហើយថវិការត្រូវបានបែងចែកក្នុងគោលបំណងនោះរួរាល់អស់ហើយ ដែលវាត្រូវការពេលវេលាជាច្រើនឆ្នាំ លោកនិយាយ ដោយបញ្ជាក់ថាអាវុធចាស់ៗនឹងបំពេញជំនួសការខ្វះខាត៕