ភ្នំពេញ៖ សម្ពាធទាបសកម្ម (Active Low) ដែលស្ថិតនៅលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម នឹងធ្វើឲ្យកម្ពុជា បន្តធ្លាក់ភ្លៀងលើផ្ទៃប្រទេស ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ខណៈតំបន់ខ្លះប្រឈមទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយ ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម ។
ក្រសួង បានឱ្យដឹងបន្តថា លក្ខណៈបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៃតំបន់ខ្ពង់រាបភាគឦសាន និងពាយព្យជាប់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ខណៈរាជធានី ភ្នំពេញ និងបណ្តាខេត្តដទៃទៀត នៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចាក់ដែរថា នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គួរ ផងដែរ៕
អត្ថបទ៖លាង ឡា