ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញថវិកាដើម្បីដោះស្រាយបញ្ហាអតិផរណាខណៈពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ ឬមិនតិចជាង២លាននាក់នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះថា ករណីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងទណ្ឌកម្មហួសកម្រិតរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យពិភពលោកកំពុងជ្រួលច្របល់អំពីបញ្ហាអតិផរណា។
សម្ដេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចទុកឱ្យពលរដ្ឋរងគ្រោះដោយសារតែអតិផរណានោះឡើយហើយរដ្ឋាភិបាលបានបញ្ចេញទុន ដែលមានស្រាប់ដើម្បីជួយចំពោះប្រជាជនដែលរងផលប៉ះពាល់ពិសេសអ្នកបម្រើសេវាសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានប្រមាណ៦០ម៉ឺនគ្រួសារ ឬប្រជាជនមិនតិចជាង២លាននាក់។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានរ៉ាប់រងទាំងបញ្ហាកូវីដ-១៩និងការដាក់ចេញយន្តការផ្ដល់សាច់ប្រាក់ ឆ្លើយតបជាមួយអតិផរណាគឺរដ្ឋទទួលបន្ទុកចិញ្ចឹមប្រជាជនជិត៥លាននាក់ ដែលជាការប៉ះប៉ូវកុំឱ្យធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ។
ជាមួយគ្នានេះសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានសំណូមពរដល់បណ្ដាអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយកុំចាត់ទុកការធ្វើរបស់រាជរដ្ឋាភិបាលជាការទាញសន្លឹកឆ្នោតនៅឆ្នាំ២០២៣ខាងមុខតែនេះជាការទទួលខុសត្រូវធំនៅចំពោះមុខប្រវត្តិសាស្រ្ត៕