ភ្នំពេញ៖ ការចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ខណៈរថយន្តដែលពុំបានចុះបញ្ជីនឹងត្រូវបង្ក្រាប រឹបអូសឈានដល់ការកម្ទេចចោលតែម្ដង។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថាការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប៉ុណ្ណោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរំឭកដល់ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យប្រញាប់រួសរាន់ចូលបង់ពន្ធ និងអាករនៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករ រាជធានី ដែលសាមីខ្លួនបានចុះបញ្ជីឲ្យបានមុនកាលកំណត់ជាកំហិតដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចតាមផ្លូវការដ្ឋានអាជីវកម្មទីកន្លែងសាធារណៈជឿជាក់ថាហេតុ។
ជាមួយគ្នានេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចតែពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូសដកចេញគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់និងបទបញ្ញត្តិជាធរមាន៕