ភ្នំពេញ៖ គណៈប្រតិភូបរទេសប្រមាណ២៨នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅកម្ពុជាខណៈក្រសួងមហាផ្ទៃបានប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព និងសន្តិសុខ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខនិងសណ្តាប់ធ្នាប់បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរៀបផែនការនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា គណៈប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅកម្ពុជាមានប្រមាណ២៨គណៈប្រតិភូ។
លោកបន្តថា ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេចនូវការពង្រឹងការការពារសន្តិសុខការរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាពជូនដល់គណៈប្រតិភូអន្តរជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នេះជាលើកទី៣ដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដោយសារការប្រជុំលើកនេះមានវត្តមានថ្នាក់ដឹកនាំប្រទេស ដែលមានការពាក់ព័ន្ធនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើន ដែលនេះជាកត្តិយសព្រមទាំងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។
សម្តេចក្រឡាហោមបានណែនាំដល់ក្រុមការងារទាំងអស់ឱ្យសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសំណាក់បណ្តាប្រទេសដែលធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជានឹងធ្វើឡើងចាប់ពីថ្ងៃ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕