ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចាត់ទុកការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ថា ជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កឱ្យមានភាពតានតឹង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េអនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុនជាហេតុជំរុញឱ្យប្រជាជនជប៉ុនរត់រកកន្លែងមានសុវត្ថិភាព៕